រុស្ស៊ី ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នប្រទេសទាំងពីរនេះ ដោយសារតែមិនបង់ថ្លៃជាប្រាក់រូបិ៍ល

[ទីផ្សារបរទេស] យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីម្សិលមិញថារុស្ស៊ី បានផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅឱ្យប្រទេសប៉ូឡូញ និងប៊ុលហ្គារី ដោយសារតែមិនបង់ថ្លៃជាប្រាក់រូបិ៍ល (Ruble) ដែលជារូបិយ៍ប័ត្រជាតិរបស់ប្រទេសរុស្ស៊ី។ សម្រាប់ក្រុមហ៊ុនឧស្ម័ន Gazprom របស់ប្រទេសរុស្ស៊ីក៏បានជូនដំណឹងទៅឱ្យប្រទេសប៉ូឡូញ និងប៊ុលហ្គារី នឹងបញ្ឈប់បង្ហូឧស្ម័នចាប់ពីថ្ងៃទី ២៧ ខែមេសា នេះតទៅរហូតដល់ក្រុមហ៊ុនរបស់ប្រទេសទាំងពីរនេះត្រូវបង់ថ្លៃជាប្រាក់រូបិ៍ល (Ruble) ដែលជារូបិយ៍ប័ត្រជាតិរបស់ប្រទេសរុស្ស៊ី។ បន្ថែមពីនេះក្រុមហ៊ុនឧស្ម័ន Gazprom ក៏បានបញ្ជាក់ដែរថាក្រុមហ៊ុនរបស់ប៉ូឡូញ និងប៊ុលហ្គារី មិនបានបង់ថ្លៃជាប្រាក់រូបិ៍ល (Ruble) ចាប់ពីថ្ងៃទី ២៦​ ខែមេសា តាមកាលកំណត់នោះទ្បើយ។ គួររំលឹកផងដែរថាលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលតម្រូវឱ្យប្រទេស មិនមែនជាមិត្តរបស់រុស្ស៊ីត្រូវបើកគណនីធនាគាររុស្ស៊ី និងបង់ថ្លៃជាប្រាក់រូបិ៍ល (Ruble) នៅពេលទិញឧស្ម័ន ដោយធ្វើបែបនេះគឺដើម្បីជួយដល់សេដ្ឋកិច្ចរុស្ស៊ីពីការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថាប្រទេសប៉ូឡូញ និងប៊ុលហ្គារី គឺជាប្រទេសដែលបានរំពឹងឧស្ម័នរបស់រុស្ស៊ីយ៉ាងខ្លាំងបំផុតដើម្បីការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន និងរោងចក្រផលិតថាមពលផ្សេងៗទៀត។ ហើយប្រទេសទាំងពីនេះក៏ជាសមាជិកសហភាពអឹរ៉ុប និងអង្គការណាតូផងដែរ ៕